ក្លឹបយក្សអ៊ីតាលីមួយបានចូលរួមប្រជែងជាមួយក្លឹប Barcelona ដើម្បីនាំយកតារាឆ្នើមជនជាតិព័រទុយហ្គាល់ Joao Felix ចេញពីក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមក មានព័ត៌មានថា Barcelona ចង់នាំយក Joao Felix មកចូលរួមក្រុមនៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ ជាពិសេសដោយសារកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយ Al-Nassr នឹងផុតកំណត់នៅចុងរដូវកាលនេះ។
ពេលនេះ Barcelona មិនមែនជាក្រុមតែមួយគត់ដែលចាប់អារម្មណ៍លើកីឡាកររូបនេះទេ។ យោងតាមកាសែតអង់គ្លេស Daily Sports ដែលដកស្រង់សម្តីពីសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឱ្យដឹងថា ក្លឹប Napoli ក៏មានបំណងយ៉ាងមុតមាំក្នុងការចុះហត្ថលេខាលើតារាឆ្នើមជនជាតិព័រទុយហ្គាល់រូបនេះផងដែរ។ កាសែតនេះបានបន្ថែមថា ក្រុម Al-Nassr មិនជំទាស់នឹងការចាកចេញរបស់ Joao Felix នោះទេ ប៉ុន្តែពួកគេចង់បានទឹកប្រាក់ចំនួន ៤៥ លានអឺរ៉ូ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្លឹបអ៊ីតាលីមួយនេះ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍លេងក្នុងក្របខ័ណ្ឌ Serie A រួចមកហើយ។ គាត់ធ្លាប់បានទៅលេងឱ្យក្រុម AC Milan ក្នុងរយៈពេលខ្លីមួយអំឡុងពាក់កណ្តាលទីពីរនៃរដូវកាល ២០២៤-២០២៥ ប៉ុន្តែរកបានគ្រាប់បាល់តែ ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១ លើកប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ២១ ប្រកួត។ ក្រុម Napoli គឺជាឈ្មោះចុងក្រោយគេដែលបានបន្ថែមចូលក្នុងបញ្ជីក្លឹបដែលចាប់អារម្មណ៍លើរូបគេ។ ក្រៅពីនេះ ក៏មានក្លឹប Barcelona និងក្លឹបមួយចំនួនទៀតនៅក្នុងក្របខ័ណ្ឌ Premier League រួមទាំង Tottenham Hotspur និង Chelsea ផងដែរ ដែលកំពុងចាប់អារម្មណ៍លើកីឡាកររូបនេះ៕
