ឈ្មោះរបស់ Achraf Hakimi បានលេចឡើងជាថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយមានការលើកឡើងថា ក្លឹប Al-Hilal កំពុងចាប់អារម្មណ៍លើតារាឆ្នើមជនជាតិម៉ារ៉ុករូបនេះ។ របាយការណ៍នានាបានឱ្យដឹងថា ថ្នាក់ដឹកនាំក្លឹប Al-Hilal កំពុងពិចារណាដាក់សំណើថ្មីមួយទៀតដើម្បីនាំយកកីឡាករដែលកំពុងលេងឱ្យក្លឹប Paris Saint-Germain រូបនេះ បន្ទាប់ពីក្លឹបយក្សរបស់បារាំងមួយនេះបានបដិសេធសំណើរបស់ពួកគេកាលពីពេលមុន។

យោងតាមកាសែតម៉ារ៉ុក Al Mountakhab ដែលដកស្រង់សម្តីពីប្រព័ន្ធផ្សព្វផ្សាយបារាំង “Sport” បានឱ្យដឹងថា ការចាប់អារម្មណ៍របស់ក្លឹប Al-Hilal ទៅលើកីឡាករជម្រើសជាតិម៉ារ៉ុករូបនេះ មិនមែនជារឿងថ្មីនោះទេ។ ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះធ្លាប់បានព្យាយាមយ៉ាងខ្លាំងក្លាកាលពីរដូវក្តៅមុន ដោយបានព្យាយាមបញ្ចុះបញ្ចូលថ្នាក់ដឹកនាំក្លឹប Paris Saint-Germain ឱ្យលក់កីឡាកររូបនេះចេញ មុនពេលទីផ្សារដោះដូរកីឡាករបិទ។

ក្លឹប Al-Hilal បានព្យាយាមជំរុញរឿងនេះដោយដាក់សំណើដ៏ធំមួយដែលមានតម្លៃ ១២០ លានអឺរ៉ូ ដោយសង្ឃឹមថានឹងអាចបញ្ចប់កិច្ចព្រមព្រៀង និងទទួលបានហត្ថលេខារបស់ Hakimi។ ប៉ុន្តែ ក្លឹបនៅទីក្រុងប៉ារីសមួយនេះបានបដិសេធ។ ពួកគេចង់រក្សាទុកកីឡាករតំណែងការពារចំហៀងជនជាតិម៉ារ៉ុករូបនេះ ហើយមិនព្រមលែងឱ្យគាត់ទៅណាឡើយ ទោះបីជាមានការផ្តល់ជូនជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវរងាខិតជិតមកដល់ ក្លឹប Al-Hilal ហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការសាកល្បងជំហររបស់ Paris Saint-Germain ម្តងទៀត បន្ទាប់ពីការប៉ុនប៉ងកាលពីរដូវក្តៅមុនមិនទទួលបានជោគជ័យ។ ប្រភពដដែលបានបន្ថែមថា ការត្រឡប់មកចរចាគ្នាឡើងវិញនេះ មិនមែនមានន័យថា ក្លឹបបារាំងមួយនេះបានផ្លាស់ប្តូរជំហរ ឬយល់ព្រមលែងឱ្យកីឡាកររបស់ខ្លួនឲ្យចាកចេញនោះទេ៕