លោក Babacar Cisse ដែលជាភ្នាក់ងាររបស់កីឡាករសញ្ជាតិសេណេហ្គាល់ Sadio Mane នៃក្លឹប Al-Nassr បានទម្លាយការពិតជុំវិញលទ្ធភាពដែលកីឡាកររូបនេះអាចចាកចេញពីក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខ ខណៈដែលកិច្ចសន្យារបស់គាត់នៅមិនទាន់ត្រូវបានបន្តនៅឡើយ។ កិច្ចសន្យារបស់ Mane ជាមួយក្លឹប Al-Nassr នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន ដូច្នេះគាត់មានសិទ្ធិចុះកិច្ចព្រមព្រៀងជាមួយក្លឹបណាមួយក៏បាននៅក្នុងខែមករា ហើយអាចផ្លាស់ទៅចូលរួមជាមួយក្លឹបនោះដោយមិនមានតម្លៃខ្លួន (free transfer) នៅរដូវក្តៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធរូបនេះនឹងមិនចាកចេញពីក្លឹប Al-Nassr ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងានេះទេ។ Mane នឹងបន្តស្នាក់នៅយ៉ាងហោចណាស់រហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al-Maidan លោក Babacar Cisse បាននិយាយថា៖ «Sadio Mane នឹងបន្តស្នាក់នៅជាមួយក្លឹប Al-Nassr ហើយនឹងមិនចាកចេញនៅខែមករានេះទេ។ កីឡាកររូបនេះមានក្តីរីករាយចំពោះបទពិសោធន៍របស់គាត់នៅ Al-Nassr ចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹបមក»។

នៅពេលត្រូវបានសួរអំពីកិច្ចសន្យាថ្មី ដោយសារកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ លោកបានឆ្លើយតបថា៖ «យើងមិនទាន់ទទួលបានការទាក់ទងណាមួយពីថ្នាក់ដឹកនាំក្លឹប Al-Nassr ទេ ប៉ុន្តែយើងបើកចំហចំពោះលទ្ធភាពដែលគាត់នឹងបន្តស្នាក់នៅទីនេះ»។ មុននេះ អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ Fallah Al-Qahtani បានទម្លាយព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយអះអាងថា ក្លឹប Al-Nassr មិនមានបំណងបន្តកិច្ចសន្យាជាមួយតារាឆ្នើមជនជាតិសេណេហ្គាល់រូបនេះទេ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់៕