លោក Pep Guardiola បានបំបែកភាពស្ងៀមស្ងាត់ជុំវិញការសម្រេចចិត្តបដិសេធឱកាសក្នុងការដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ដោយទទួលស្គាល់ថា លោកមានអារម្មណ៍ «ខ្មាសអៀន» ដែលត្រូវនិយាយពាក្យបដិសេធចំពោះក្រុម Azzurri មួយនេះ។ គ្រូបង្វឹកដ៏ឆ្នើមរូបនេះ ដែលបច្ចុប្បន្នកំពុងសម្រាកពីការងារ បន្ទាប់ពីបានចំណាយពេលមួយទសវត្សរ៍ដ៏ជោគជ័យជាមួយក្លឹប Manchester City គាត់ក៏បានបញ្ជាក់ផងដែរថា ជំហានបន្ទាប់របស់លោកនៅក្នុងវិស័យបាល់ទាត់ នឹងក្លាយជាការងារដឹកនាំក្រុមជម្រើសជាតិ។
នៅក្នុងកិច្ចសន្ទនាមួយនៅលើបណ្តាញ Romario TV កាលពីថ្ងៃអង្គារ ជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល និងជាអតីតមិត្តរួមក្រុមនៅ Barcelona គឺលោក Romario លោក Guardiola បានពន្យល់ពីមូលហេតុដែលបញ្ហាពេលវេលាបានធ្វើឱ្យការផ្លាស់ទៅដឹកនាំក្រុមនៅប្រទេសអ៊ីតាលីមិនអាចកើតឡើងបាន។ លោកក៏បានបញ្ជាក់ផងដែរថា លោកមានបំណងចង់ដឹកនាំក្រុមជម្រើសជាតិណាមួយនៅថ្ងៃណាមួយ ប៉ុន្តែលោកក៏សង្កត់ធ្ងន់ថា លោកនៅតែមានក្តីសុខទោះបីជាមិនបានឈរដឹកនាំក្រុមនៅក្បែរទីលានក៏ដោយ។
លោក Guardiola បាននិយាយថា៖ «នេះជាលើកដំបូងហើយដែលខ្ញុំនិយាយអំពីបញ្ហានេះ ប៉ុន្តែពិតមែនហើយ ខ្ញុំពិតជាបានពិភាក្សាជាមួយពួកគេ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយពាក្យថា ‘ទេ’ ទៅកាន់ប្រទេសអ៊ីតាលី។ សម្រាប់ប្រទេសមួយដូចជាអ៊ីតាលី ការបានដឹកនាំក្រុមជម្រើសជាតិរបស់គេ នឹងក្លាយជាកិត្តិយសដ៏ធំបំផុតមួយក្នុងអាជីពរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវឈប់សម្រាក។ ប្រសិនបើពួកគេទាក់ទងមកខ្ញុំកាលពី ២ ឆ្នាំមុន នោះខ្ញុំប្រហែលជានឹងយល់ព្រមហើយ»៕
