​ការផ្លាស់ទៅកាន់ក្លឹប FC Getafe របស់អតីតតារាឆ្នើមក្រុម Borussia Dortmund គឺ Jadon Sancho ហាក់ដូចជាកាន់តែមានភាពច្បាស់លាស់ឡើង។ ប៉ុន្តែក្រៅពីរឿងប្រាក់ឈ្នួល នៅមានបញ្ហាសំខាន់មួយទៀតដែលចាំបាច់ត្រូវដោះស្រាយ។ សារព័ត៌មាន The Telegraph បានរាយការណ៍ថា ក្លឹប Getafe បានដាក់សំណើកិច្ចសន្យាជាផ្លូវការទៅកាន់ Sancho។ ក្លឹបលេងនៅលីគកំពូលអេស្ប៉ាញមួយនេះ ចង់ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធរូបនេះ (ដែលបច្ចុប្បន្នមិនទាន់មានក្លឹប) រហូតដល់ចប់រដូវកាល។

យោងតាមសេចក្តីរាយការណ៍ Sancho ហាក់បើកចិត្តទទួលយកសំណើនេះ ទោះបីជាត្រូវទទួលប្រាក់ឈ្នួលតិចជាងមុនយ៉ាងខ្លាំងក៏ដោយ។ នៅក្លឹប Manchester United ដែលកិច្ចសន្យារបស់គាត់បានផុតកំណត់នៅចុងខែមិថុនា គាត់ធ្លាប់ទទួលបានប្រាក់ឈ្នួលជិត ៣០០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍។ ប៉ុន្តែនៅក្លឹប Getafe វិញ យោងតាម ​​The Telegraph គាត់នឹងទទួលបានប្រាក់ឈ្នួលត្រឹមតែប្រហែល ១២,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលចំនួននេះគឺតិចជាងមុនប្រហែល ២៥ ដង។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលក្លឹប Getafe ត្រូវបានគេមើលឃើញថា ជាគោលដៅដែលមានលទ្ធភាពខ្ពស់បំផុតសម្រាប់ Sancho។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឈ្នួលមិនមែនជាឧបសគ្គតែមួយគត់នោះទេ។ គ្រូបង្វឹកលោក Jose Bordalas ត្រូវបានគេរាយការណ៍ថា ចង់បានអតីតកីឡាករក្រុម Dortmund រូបនេះមកចូលរួមក្នុងក្រុម ប៉ុន្តែអនាគតរបស់លោកផ្ទាល់នៅក្លឹបនេះ ក៏នៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕