Barcelona កំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាមួយនឹងគណៈប្រតិភូដ៏ធំមួយសម្រាប់ពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី ៧០ ដែលនេះជាសញ្ញាបញ្ជាក់ថា ពួកគេរំពឹងថានឹងអាចដណ្តើមបានពានរង្វាន់ជាច្រើន។ ពិធីប្រគល់ពានរង្វាន់ឆ្នាំនេះគឺខុសប្លែកពីធម្មតា ដោយពេលមុនៗវាត្រូវបានរៀបចំឡើងនៅក្រៅទីក្រុងប៉ារីស។

លោក Joan Laporta នឹងដឹកនាំគណៈប្រតិភូដ៏ធំមួយ ដែលរួមមានបេក្ខជនទាំងអស់របស់ក្លឹបដែលមានឈ្មោះក្នុងការប្រជែងពានរង្វាន់ ៣ប្រភេទផ្សេងៗគ្នា។ ក្លឹប Barcelona មានបំណងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាបំផុតនៅក្នុងរាត្រីនោះ និងដណ្តើមយកពានរង្វាន់ឱ្យបានច្រើនបំផុត។

បញ្ជីឈ្មោះបេក្ខភាពទាំងនោះ រួមសុទ្ធតែជាតារាល្បីៗមានក្រុមបុរស និងក្រុមនារី។ តារាឆ្នើម Lamine Yamal ដែលជាបេក្ខជននាំមុខគេសម្រាប់ពានរង្វាន់ Ballon d’Or គឺជាតួអង្គសំខាន់ក្នុងក្រុមនេះ រួមជាមួយ Pau Cubarsí, Rodri និង Joan García។ ចំណែកឯផ្នែកនារីវិញ មានដូចជា Cata Coll, Esmee Brugts, Patri Guijarro, Caroline Graham Hansen, Clàudia Pina, Ewa Pajor, Vicky López, Clara Serrajordi និងគ្រូបង្វឹក Pere Romeu។

ចំពោះផ្នែករដ្ឋបាល លោក Laporta ធ្វើដំណើរទៅជាមួយអនុប្រធានក្លឹបគឺលោក Rafa Yuste និងអ្នកស្រី Elena Fort ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលគឺលោក Xavi Puig និងលោក Xavier Barniol។ សម្រាប់ផ្នែកកីឡាវិញ ដឹកនាំដោយនាយកផ្នែកកីឡាគឺលោក Deco រួមជាមួយលោក Bojan Krkić, Alejandro Echevarría, Enric Masip និង Marc Vives។

សារព័ត៌មាន “Mundo Deportivo” បានរាយការណ៍ថា គណៈប្រតិភូនឹងធ្វើដំណើរតាមយន្តហោះជាមួយគ្នាពីទីក្រុង Barcelona ទៅកាន់ទីក្រុងឡុងដ៍ ប៉ុន្តែ Lamine Yamal គឺមានករណីពិសេស។ តារាវ័យក្មេងរូបនេះបានជួលយន្តហោះឯកជនមួយគ្រឿងសម្រាប់ឪពុកម្តាយ ដៃគូ សាច់ញាតិ មិត្តភក្តិ និងក្រុមការងាររបស់គាត់ ដើម្បីចូលរួមក្នុងអ្វីដែលអាចចាត់ទុកថាជាយប់ដ៏សំខាន់បំផុតក្នុងអាជីពរបស់គាត់៕