ផែនការរបស់ក្លឹប Paris Saint-Germain សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងរដូវរងា ចាប់ផ្តើមមានភាពច្បាស់លាស់ហើយ។ ការអវត្តមានរយៈពេលយូររបស់តារាឆ្នើមជនជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia ដែលបានរងរបួសដាច់សរសៃពួរជង្គង់ខាងស្តាំ បានជំរុញឱ្យក្លឹបបារាំងមួយនេះ ត្រូវស្វែងរកកីឡាករថ្មីមកជំនួស។

ទោះបីជាការនាំយកកីឡាករថ្មីប្រហែលជាមិនមែនជាអាទិភាពចម្បងបំផុតសម្រាប់លោក Luis Enrique នៅក្នុងខែមករានេះក៏ដោយ ប៉ុន្តែរបាយការណ៍ពីប្រទេសអាល្លឺម៉ង់បានបង្ហាញថា ក្លឹបដែលកំពុងកាន់ពានរង្វាន់ Champions League មួយនេះ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករវ័យក្មេងជនជាតិអាល់ហ្សេរី Ibrahim Maza។ កីឡាករដែលកំពុងលេងឱ្យក្លឹប Bayer Leverkusen រូបនេះ អាចក្លាយជាជម្រើសមួយទៀតសម្រាប់ក្រុម ដើម្បីជំនួសតំណែងរបស់កីឡាករជនជាតិហ្សកហ្ស៊ីរូបនោះ។

ប្រភពព័ត៌មាន Sky Germany បានបញ្ជាក់ថា ការចាប់អារម្មណ៍លើ Maza មិនមែនជារឿងពាក្យចចាមអារ៉ាមឥតប្រយោជន៍នោះទេ។ ពួកគេបានឱ្យដឹងថា ក្លឹបបារាំងមួយនេះ «បានបង្ហាញការចាប់អារម្មណ៍យ៉ាងពិតប្រាកដ» លើកីឡាករវ័យ ២០ ឆ្នាំរូបនេះ ហើយក្រុមការងារជុំវិញខ្លួនរបស់ Maza ក៏បានដឹងអំពីបញ្ហានេះរួចហើយដែរ។ ប្រសិនបើការផ្ទេរនេះកើតឡើងនៅក្នុងខែមករា Maza នឹងក្លាយជាកីឡាករអារ៉ាប់ទី ២ នៅក្នុងក្រុម Saint-Germain ដោយចូលរួមជាមួយកីឡាករម៉ារ៉ុក Achraf Hakimi ដែលជាមេដឹកនាំម្នាក់នៅក្នុងក្រុម៕