នេះគឺជាដំណឹងដ៏គួរឱ្យសោកស្ដាយមួយទៀតសម្រាប់ក្លឹប Manchester United ដោយក្លឹបអង់គ្លេសមួយនេះបានទទួលស្គាល់ថា ពួកគេមិនអាចរក្សាទុកកីឡាករទេពកោសល្យវ័យក្មេងដ៏មានសក្តានុពលបំផុតមួយនៅអឺរ៉ុបបានឡើយ។ តារាវ័យក្មេង JJ Gabriel បានសម្រេចចិត្តចាកចេញពី Old Trafford ដើម្បីទៅចូលរួមជាមួយក្លឹប Real Madrid ដែលការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងថ្នាលយុវជនរបស់ក្រុម “បិសាចក្រហម” ។
យោងតាមកាសែតអេស្ប៉ាញ “Mundo Deportivo” បានឱ្យដឹងថា JJ Gabriel ត្រៀមនឹងចុះកិច្ចសន្យាជាមួយ Real Madrid ដើម្បីចូលរួមក្នុងថ្នាលយុវជនរបស់ពួកគេ ដោយគ្រាន់តែរង់ចាំការបញ្ជាក់ជាផ្លូវការប៉ុណ្ណោះ។ កីឡាករវ័យ ១៦ ឆ្នាំរូបនេះ ដែលត្រូវបានគេចាត់ទុកថាជាទេពកោសល្យវ័យក្មេងដ៏ឆ្នើមបំផុតមួយនៅក្នុងវិស័យបាល់ទាត់អឺរ៉ុប ទើបតែបានចាកចេញពី Manchester United ថ្មីៗនេះ។ Real Madrid បានយកឈ្នះលើក្លឹបជាច្រើនផ្សេងទៀតដែលចង់បានរូបគេ ដើម្បីនាំយកកីឡាកររូបនេះទៅកាន់មជ្ឈមណ្ឌលហ្វឹកហាត់ Valdebebas។
បន្ទាប់ពីការចាកចេញពី Manchester United ត្រូវបានបញ្ជាក់ Gabriel បានទៅទស្សនាមជ្ឈមណ្ឌលហ្វឹកហាត់របស់ Real Madrid។ ការទស្សនានេះបានបង្ហាញយ៉ាងច្បាស់ថា ការផ្លាស់ទៅកាន់ក្លឹបយក្សអេស្ប៉ាញមួយនេះ គឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ហើយ Real Madrid ពិតជាបានឈ្នះការប្រជែងដណ្តើមយកកីឡាករវ័យក្មេងដ៏មានសក្តានុពលបំផុតម្នាក់របស់អង់គ្លេស។
លោក Omar Berrada នាយកប្រតិបត្តិរបស់ Manchester United បានប្រាប់ទៅកាន់ “Sky Sports” ថា ក្លឹបបានខិតខំអស់ពីសមត្ថភាពដើម្បីរក្សាទុកកីឡាកររូបនេះ ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងទាំងអស់មិនអាចផ្លាស់ប្តូរចិត្តរបស់គេបានឡើយ។ លោក Berrada បាននិយាយថា៖ “យើងបានធ្វើគ្រប់យ៉ាង ពិតជាធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីរក្សា JJ Gabriel ទុក។ ជាក់ស្តែង ទាំងរូបគេ និងគ្រួសារបានសម្រេចចិត្តចាកចេញ ហើយអ្វីដែលយើងអាចធ្វើបាន គឺជូនពរឱ្យគេជួបតែសំណាងល្អ”។ដោយបង្ហាញអារម្មណ៍ទាំងសោកស្តាយ និងមោទនភាព លោកបានបន្ថែមថា៖ “យើងចង់បានកីឡាករដែលពិតជាចង់នៅទីនេះ ហើយអ្នកដែលយល់ឃើញថា ការចូលរួមជាមួយ Manchester United គឺជាកិត្តិយសដ៏អស្ចារ្យមួយ”៕
