លោក Guardiola បានបញ្ជាក់ថា រយៈពេលដែលលោកបានចំណាយពេលនៅប្រទេសអាល្លឺម៉ង់ បានបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅលើអាជីពជាគ្រូបង្វឹករបស់លោក ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពផ្ទាល់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី “Bundesliga” របស់លីគអាល្លឺម៉ង់ លោកបានរំលឹកឡើងវិញអំពីពេលវេលារបស់លោកជាមួយក្លឹបយក្ស Bayern Munich ដោយទទួលស្គាល់ថា ក្លឹបនេះបានផ្តល់ឱ្យលើសពីអ្វីដែលលោកបានរំពឹងទុក។ លោកក៏បានកោតសរសើរចំពោះវប្បធម៌បាល់ទាត់អាល្លឺម៉ង់ បរិយាកាសដែលអ្នកគាំទ្របង្កើតឡើងនៅក្នុងកីឡដ្ឋាន និងទំនាក់ទំនងរវាងក្លឹប កីឡាករ និងអ្នកគាំទ្រ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ “អ្វីដែលខ្ញុំធ្លាប់ស្រមៃចង់បាន គឺខ្ញុំបានរកឃើញនៅទីនោះក្នុងពេលនោះ។ Bayern Munich គឺជាក្លឹបមួយដែលតែងតែដំណើរការទៅមុខជានិច្ច មិនថាគ្រូបង្វឹក កីឡាករ ឬសមាជិកក្រុមការងារបច្ចេកទេសជាអ្នកណាក៏ដោយ។ ក្លឹបនេះពិតជាពិសេសអស្ចារ្យណាស់”។

ងាកមកនិយាយអំពីបាល់ទាត់អាល្លឺម៉ង់វិញ លោកបានលើកឡើងថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍នឹងបរិយាកាសនៅក្នុងកីឡដ្ឋាននានានៅអាល្លឺម៉ង់ ហើយខ្ញុំក៏កោតសរសើរចំពោះរបៀបនៃការលេងទាំងការវាយលុក និងការការពារនៅទីនោះផងដែរ”។

សម្តីរបស់លោកបាននាំឱ្យគេនឹកគិតដល់រយៈពេលដែលលោកដឹកនាំក្រុម Bayern Munich ឡើងវិញ។ លោក Guardiola បានកាន់តំណែងចាប់ពីរដូវក្តៅឆ្នាំ ២០១៣ ដល់រដូវក្តៅឆ្នាំ ២០១៦ ដោយបានបន្តតំណែងពីលោក Jupp Heynckes ដែលធ្លាប់បានដឹកនាំក្រុមនេះឱ្យឈ្នះពានរង្វាន់ធំៗចំនួន ៣ (Treble) ប្រវត្តិសាស្ត្រក្នុងរដូវកាល ២០១២-២០១៣ រួមមាន លីគអាល្លឺម៉ង់, ពានរង្វាន់ German Cup និងពានរង្វាន់ Champions League។

ការរក្សាស្តង់ដារដែល Bayern Munich សម្រេចបានក្រោមការដឹកនាំរបស់លោក Heynckes មិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែលោក Guardiola នៅតែអាចធ្វើបាន ដោយបានដឹកនាំក្រុមឈ្នះពានរង្វាន់លីគអាល្លឺម៉ង់ទាំង ៣ រដូវកាលដែលលោកនៅទីនោះ រួមជាមួយពានរង្វាន់ German Cup ចំនួន ២ ដង, ពានរង្វាន់ UEFA Super Cup និងពានរង្វាន់ Club World Cup។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្ថិតិរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ លោកបានដឹកនាំក្រុម Bayern Munich ក្នុងការប្រកួតសរុបចំនួន ១៦១ ប្រកួត ដោយទទួលបានជ័យជម្នះ ១២១ ប្រកួត។ ក្រុមរបស់គាត់ក៏បានស៊ុតបញ្ចូលទីបាន ២៥៤ គ្រាប់ ក្នុងការប្រកួតលីគអាល្លឺម៉ង់ចំនួន ១០២ ប្រកួត ដែលជាកំណត់ត្រាមួយនៅក្នុងការប្រកួតនេះសម្រាប់រយៈពេលនោះ។

Guardiola បានចាកចេញពី Bayern នៅរដូវក្តៅឆ្នាំ ២០១៦ ដើម្បីទៅដឹកនាំក្រុម Manchester City។ ទោះជាយ៉ាងនេះក្តី គាត់នៅតែរក្សាទំនាក់ទំនងល្អជាមួយក្លឹប និងទីក្រុងនោះ ហើយតែងតែនិយាយដោយក្តីកោតសរសើរអំពីពេលវេលាដែលគាត់បានចំណាយនៅទីនោះ ដោយចាត់ទុកថាវាជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍខ្លួនរបស់គាត់ក្នុងនាមជាគ្រូបង្វឹក៕