Serhou Guirassy បានចូលលេងត្រឹមតែវគ្គទីមួយប៉ុណ្ណោះ ក្នុងជ័យជម្នះ ២-១ លើក្រុម Betis Sevilla ក្នុងពានរង្វាន់ Champions League កាលពីដើមខែវិច្ឆិកា។ ខ្សែប្រយុទ្ធរូបនេះបានជួបបញ្ហារបួសសាច់ដុំភ្លៅ ដែលធ្វើឱ្យរូបគេខកខានការប្រកួតនានាចាប់តាំងពីពេលនោះមក។ ក្នុងអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ រូបគេបានចំណាយពេលលើការស្តាររាងកាយ និងការហ្វឹកហាត់ដើម្បីត្រៀមខ្លួន។ តើរូបគេអាចត្រឡប់មកវិញបានដែរឬទេ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ ដែលក្រុមត្រូវធ្វើដំណើរទៅជួបជាមួយក្រុម Borussia Mönchengladbach។

លោក Niko Kovac គ្រូបង្វឹករបស់ក្រុម BVB បានផ្តល់ព័ត៌មានថ្មីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងដឹងនៅថ្ងៃនេះ ឬថ្ងៃស្អែកថា តើពួកគេទាំងពីរនាក់ រួមទាំង Carney ផងដែរនោះ នឹងមានកាយសម្បទាល្អគ្រប់គ្រាន់ឬអត់។ វានៅតែមានលទ្ធភាពអាចកើតឡើងបាន»។ កីឡាករ BVB ផ្សេងទៀតដែលកំពុងជួបបញ្ហារបួស រួមមាន Waldemar Anton និង Carney Chukwuemeka ដែលសុទ្ធតែមានបញ្ហាទាក់ទងនឹងសាច់ដុំ។

វគ្គហ្វឹកហាត់ចុងក្រោយនឹងបង្ហាញឱ្យដឹងថា តើ Anton និង Guirassy អាចចូលលេងបានឬអត់។ ចំណែកឯ Chukwuemeka វិញ ហាក់ដូចជាមិនសូវមានលទ្ធភាពអាចត្រឡប់មកវិញបានទេ៕