ក្លឹប Real Madrid ហាក់ដូចជាជិតសម្រេចបានជោគជ័យក្នុងការដណ្តើមយកកីឡាករវ័យក្មេងដ៏ឆ្នើមម្នាក់នៅអឺរ៉ុប ដែលមានក្លឹបជាច្រើនបានព្យាយាមទាក់ទងយកទៅរួមក្រុម រួមមាន Barcelona, ​​Paris Saint-Germain និង Bayern Munich។

យោងតាមប្រភពពី “El Chiringuito” បានឱ្យដឹងថា លោក Ali Barat ដែលជាភ្នាក់ងាររបស់កីឡាករវ័យក្មេង JJ Gabriel មកពីក្លឹប Manchester United កំពុងស្ថិតនៅទីតាំង Valdebebas ដើម្បីបញ្ចប់នីតិវិធីចុងក្រោយនៃការផ្ទេរកីឡាកររូបនេះទៅកាន់ក្លឹប Real Madrid។

ការចរចានេះបានដំណើរការអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយបច្ចុប្បន្នវាបានឈានចូលដល់ដំណាក់កាលចុងក្រោយ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាជាពាក្យសម្តីរួចរាល់ហើយ ពាក់ព័ន្ធនឹងកីឡាករវ័យ ១៦ ឆ្នាំរូបនេះ។

ចំណាត់ការនេះស្ទើរតែធានាបានថា Real Madrid នឹងទទួលបាននូវកីឡាករទេពកោសល្យវ័យក្មេងដ៏លេចធ្លោបំផុតមួយនៅក្នុងវិស័យបាល់ទាត់អឺរ៉ុប ខណៈដែលក្លឹប Barcelona ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាកររូបនេះផងដែរ៕