Matheus Cunha ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានបង្ហាញពីភាពអស់កម្លាំង និងការខកចិត្ត បន្ទាប់ពីក្រុមរបស់គាត់បានព្យាយាមវាយបកតាមស្មើក្នុងលទ្ធផល ៤-៤ ជាមួយក្រុម Aston Villa នៅទឹកដីខ្លួនឯង។ ទោះបីជាអាចដណ្តើមបាន ១ ពិន្ទុយ៉ាងស្វិតស្វាញនៅចុងម៉ោងឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យក៏ដោយ ក៏ក្រុម «បិសាចក្រហម» ត្រូវចូលដល់ដំណាក់កាលសម្រាកសម្រាប់ការប្រកួតអន្តរជាតិក្នុងខែវិច្ឆិកា ទាំងដែលពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី ១៨ ប៉ុណ្ណោះ។

ដោយចោទជាសំណួរថាហេតុអ្វីបានជាក្រុមរបស់គាត់បង្ហាញភាពតាំងចិត្តខ្ពស់តែនៅពេលដែលតាមក្រោយគេប៉ុណ្ណោះ Cunha បានប្រាប់ទៅកាន់ Sky Sports ថា៖ «ខ្ញុំពិតជាអស់កម្លាំងខ្លាំង ហើយក៏មានការខកចិត្តផងដែរ។ បន្ទាប់ពីការប្រកួតកាលពីយប់មុន [ទល់នឹង Roma] យើងបានពិភាក្សាគ្នាអំពីរបៀបដែលយើងរបូតគ្រាប់បាល់ និងការមានចិត្តគំនិតក្នុងការវាយបកត្រឡប់មកវិញនៅក្នុងការប្រកួត។ យើងបានធ្វើវាម្ដងទៀត ដោយយើងត្រូវលេងក្នុងនាមជា Manchester United ហើយវាយសម្រុកទៅមុខ។ យើងបានបង្ហាញភាពក្លាហាន ប៉ុន្តែយើងធ្វើបែបនេះបានលុះត្រាតែយើងរបូតគ្រាប់បាល់សិនប៉ុណ្ណោះ។ យើងបានបង្ហាញពីស្មារតីតស៊ូ បន្ទាប់ពីរបូតគ្រាប់បាល់។ ប្រសិនបើយើងបង្ហាញស្មារតីតស៊ូ និងភាពក្លាហាននោះតាំងពីដំបូងមកម្ល៉េះ យើងនឹងអាចឈ្នះការប្រកួតបានកាន់តែច្រើន។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងធ្វើឱ្យស្ថានការណ៍កាន់តែលំបាកសម្រាប់ខ្លួនឯងបែបនេះទេ។ យើងទាំងអស់គ្នាខិតខំប្រឹងប្រែង ហើយយើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយជាក្រុមដ៏ល្អបំផុត។ យើងចាំបាច់ត្រូវផ្លាស់ប្តូរចិត្តគំនិតរបស់យើងតាំងពីចាប់ផ្តើមការប្រកួតមកម្ល៉េះ»។

គួរបញ្ជាក់ផងដែរថា ដោយមិនអាចរកជ័យជម្នះបានសោះក្នុងការប្រកួត Premier League ចំនួន ៨ លើកចុងក្រោយ ដែលជាកំណត់ត្រាអាក្រក់ដូចគ្នានឹងអំឡុងពេលពីខែមេសា ដល់ខែឧសភា ឆ្នាំ ២០២៥ ហើយបច្ចុបន្នក្រុមបិសាចក្រហមឈរនៅលេខរៀងទី ១៨ក្នុងតារាងលីគកំពូលអង់គ្លេស៕