គណៈកម្មាធិការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានពិន័យជាប្រាក់ទៅលើក្លឹប Racing Santander បន្ទាប់ពីមានអ្នកគាំទ្រម្នាក់បានគប់ដែកកេះពីលើកៅអីអង្គុយទស្សនា ក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ទល់នឹងក្រុម Real Madrid។ គណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល បានទទួលស្គាល់ថា មន្ត្រីអាជ្ញាកណ្តាលក្នុងប្រកួតនោះបានសម្រេចចិត្តខុសឆ្គង ដោយផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់តារាឆ្នើមរបស់ក្រុម Real Madrid គឺ Kylian Mbappé ក្នុងជំនួបជាមួយក្រុម Racing។
យោងតាមកាសែតអេស្ប៉ាញ “Mundo Deportivo” បានឱ្យដឹងថា ការផ្តល់បាល់ពិន័យនេះបានកើតឡើងបន្ទាប់ពីមានហេតុការណ៍មួយមុននោះ ដែលអាជ្ញាកណ្តាល José Luis Munuera Montero បានទៅពិនិត្យមើល VAR នៅក្បែរទីលាន ដើម្បីផ្ទៀងផ្ទាត់ថាតើកីឡាករ Tchouaméni ដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់ (penalty area) ឬយ៉ាងណា មុនពេលសម្រេចចិត្តមិនផ្តល់បាល់ពិន័យនោះ។
លោក Munuera Montero បានកត់ត្រាហេតុការណ៍គប់ដែកកេះនេះនៅក្នុងរបាយការណ៍ផ្លូវការរបស់គាត់ ដោយសរសេរថា៖ “នៅនាទីទី ៧៨ នីតិវិធីដោះស្រាយករណីគប់វត្ថុចូលទីលានត្រូវបានដាក់ឱ្យដំណើរការ ដោយសារមានការគប់ដែកកេះមួយពីលើកៅអីអង្គុយទស្សនា ដែលបានធ្លាក់មកក្បែរជំនួយការអាជ្ញាកណ្តាលទី ២ ប៉ុន្តែមិនបានប៉ះចំរូបគាត់ឡើយ”។ នីតិវិធីនោះរួមមានការប្រកាសព្រមានតាមរយៈប្រព័ន្ធសំឡេងនៅក្នុងពហុកីឡដ្ឋាន។
គណៈកម្មាធិការវិន័យបានពិន័យក្លឹប Racing Santander ចំពោះ “ការបំពានសណ្តាប់ធ្នាប់កម្រិតស្រាលក្នុងអំឡុងពេលប្រកួត” ទៅតាមស្ថានភាពជាក់ស្តែងនៃហេតុការណ៍នេះ។ ការសម្រេចចិត្តនេះគឺផ្អែកលើមាត្រា ១១៧ ដែលចែងអំពី “ការបំពានសណ្តាប់ធ្នាប់កម្រិតស្រាលក្នុងអំឡុងពេលប្រកួត” ដោយមានខ្លឹមសារថា៖ “នៅពេលដែលមានព្រឹត្តិការណ៍កើតឡើងក្នុងអំឡុងពេលប្រកួត ដែលស្ថិតក្នុងករណីដែលមានចែងក្នុងមាត្រា ១៥ នៃបទប្បញ្ញត្តិនេះ ហើយស្ថាប័នវិន័យចាត់ទុកថាជាកំហុសកម្រិតស្រាលនោះ ក្លឹបដែលទទួលខុសត្រូវនឹងត្រូវទទួលទោសពិន័យជាប្រាក់រហូតដល់ ៦០២ អឺរ៉ូ”។ ចំពោះក្លឹប Racing Santander គឺត្រូវបានពិន័យជាប្រាក់ចំនួន ៣០១ អឺរ៉ូ៕
