ក្លឹប Al-Hilal នឹងមិនបន្តការតាមទិញយក Bruno Fernandes នៅក្នុងរដូវរងានេះទេ។ លោក Ben Jacobs បានបញ្ជាក់នៅលើគណនីរបស់គាត់ក្នុងបណ្តាញសង្គម “X” ថា ព័ត៌មានដែលថា Al-Hilal នឹងត្រឡប់មកចាប់អារម្មណ៍លើតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះម្តងទៀតនៅខែមករាខាងមុខ គឺមិនមែនជាការពិតទេ។ គាត់បានចង្អុលបង្ហាញថា កូតាសម្រាប់កីឡាករបរទេសទាំងអស់នៅក្នុងក្រុម Al-Hilal គឺត្រូវបានបំពេញពេញអស់ហើយ។

ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីសារព័ត៌មានមួយចំនួនដែលអះអាងថា Al-Hilal ត្រៀមនឹងដាក់សំណើថ្មីដែលមានតម្លៃរហូតដល់ ៥៥ លានអឺរ៉ូ ដើម្បីនាំយកប្រធានក្រុម Manchester United រូបនេះចេញពីក្លឹប ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះមិនដែលត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។ Fernandes ធ្លាប់ជាគោលដៅកំពូលមួយរបស់ Al-Hilal កាលពីរដូវក្តៅកន្លងទៅ។ ក្លឹបអារ៉ាប៊ីសាអូឌីតមួយនេះបានព្យាយាមទាក់ទងទិញយកគាត់មុនព្រឹត្តិការណ៍ FIFA Club World Cup ដោយបានដាក់សំណើទៅកាន់ Manchester United ក្នុងតម្លៃជិត ១០០ លានផោន រួមជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៧០០,០០០ ផោនសម្រាប់កីឡាកររូបនេះ។

ប៉ុន្តែការចរចានេះមិនបានសម្រេចឡើយ ទោះបីជាមានការផ្តល់ជូននូវទឹកប្រាក់យ៉ាងច្រើនក៏ដោយ។ ខ្លួន Bruno ផ្ទាល់បានបញ្ជាក់ថា គាត់ពិតជាបានទទួលសំណើពី Al-Hilal មែន ដោយគាត់បានបង្ហើបថា លោក Fahd bin Nafel ដែលជាប្រធានក្លឹបនៅពេលនោះ បានទូរស័ព្ទមកគាត់ដោយផ្ទាល់ ដើម្បីសាកសួរថាតើគាត់មានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីតដែរឬទេ៕