យោងតាមប្រភពព័ត៌មានអេស្ប៉ាញ Cadena SER បានឱ្យដឹងថា ក្លឹប Liverpool កំពុងពិចារណាដាក់សំណើដើម្បីខ្ចីជើង Alexander-Arnold ត្រឡប់មកកាន់កីឡដ្ឋាន Anfield វិញនៅក្នុងរដូវរងានេះ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ មិនសូវទទួលបានឱកាសលេងទេ ចាប់តាំងពីបានផ្លាស់ទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃខ្លួនទាបត្រឹម ៨,៥ លានផោន កាលពីឆ្នាំ ២០២៥។

បច្ចុប្បន្ននេះ គាត់គឺជាជម្រើសទី ៣ សម្រាប់តំណែងខ្សែការពារស្តាំក្រោមការដឹកនាំរបស់លោក Mourinho។ ជាក់ស្តែង នៅក្នុងការប្រកួតដែល Real Madrid យកឈ្នះ Barcelona ២-១ ថ្មីៗនេះ គាត់ត្រូវអង្គុយកៅអីបម្រុងរួមជាមួយ Denzel Dumfries ដោយគ្រូបង្វឹកបានជ្រើសរើសយកខ្សែបម្រើ Federico Valverde មកលេងជំនួសវិញ។ ទោះបីជា Alexander-Arnold បានបង្ហាញខ្លួនត្រឹម ៧ ប្រកួត និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា ក្លឹប Chelsea ក៏ចាប់អារម្មណ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះ (ដែលធ្លាប់ជាប់ជម្រើសជាតិ ៣៦ ​​លើក) ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញជាបណ្តោះអាសន្នណាមួយ ទំនងជាតម្រូវឱ្យមានលក្ខខណ្ឌនៃការទិញផ្តាច់ជាកាតព្វកិច្ច ដោយសារ Real Madrid ចង់ទទួលបានប្រាក់ចំណេញពីកីឡាកររូបនេះ ដែលបច្ចុប្បន្នមានតម្លៃទីផ្សារកើនឡើងដល់ ៥១ លានផោន។

ទោះបីជាមិនសូវទទួលបានឱកាសលេងនៅកីឡដ្ឋាន Bernabeu ក៏ដោយ ប៉ុន្តែ Alexander-Arnold ទទួលបានឱកាសដ៏កម្រមួយនៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ដែលក្រុមរបស់គាត់បានយកឈ្នះ Racing Santander ក្នុងលទ្ធផល ៣-០។ លោក Mourinho បានពន្យល់ថា សមត្ថភាពក្នុងការគ្រប់គ្រង និងបញ្ជូនបាល់របស់ខ្សែការពារស្តាំរូបនេះ គឺជាអ្វីដែលក្រុមរបស់គាត់ត្រូវការ ដើម្បីទម្លុះការការពាររបស់គូប្រកួត។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានថ្លែងក្រោយចប់ការប្រកួតថា៖ «ខ្ញុំបានដាក់ Trent ឱ្យចូលលេង ទោះបីជាគាត់ខកខានការប្រកួតមួយរយៈក៏ដោយ ព្រោះខ្ញុំមើលឃើញថាគុណភាពបច្ចេកទេសរបស់គាត់ នឹងជួយឱ្យក្រុមយើងអាចបញ្ជូនបាល់ចេញពីតំបន់ការពារបានល្អ»។ លោក Mourinho មានការពេញចិត្តយ៉ាងខ្លាំងចំពោះការលេងរបស់ខ្សែការពាររូបនេះ ក្នុងការវិលត្រឡប់មកកាន់ការប្រកួតផ្លូវការវិញ ដោយបានបន្ថែមថា៖ «ទោះបីជាខកខានការប្រកួតមួយរយៈក៏ដោយ ប៉ុន្តែគាត់បានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ និងមានតុល្យភាព។ ខ្ញុំពិតជារីករាយណាស់ ហើយខ្ញុំគិតថាកីឡាករទាំងអស់ក៏យល់ឃើញដែរថា ក្រុមរបស់យើងកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អមួយ»៕