នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹប Bayern Munich មុនការប្រកួតពានរង្វាន់ Champions League ទល់នឹងក្រុម Atletico Madrid, Harry Kane បានផ្តល់ព័ត៌មានថ្មីៗអំពីការចរចាលើកិច្ចសន្យារបស់គាត់ ដោយបញ្ជាក់ថា គាត់ និងក្លឹបយក្សអាល្លឺម៉ង់មួយនេះ កំពុងឈានជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងថ្មីហើយ។ បន្ទាប់ពីទើបតែឈ្នះពានរង្វាន់ Ballon d’Or, Kane នឹងដឹកនាំក្រុម Bayern ជួបជាមួយ Atletico ក្នុងជុំទី ៤ នៃពានរង្វាន់ Champions League។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅតែជាតួអង្គសំខាន់នៅក្នុងផែនការរបស់លោក Vincent Kompany។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ការផុតកំណត់នៃកិច្ចសន្យានេះ បានធ្វើឱ្យអនាគតរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយពេលនេះ ម្ចាស់ខ្លួនផ្ទាល់បានបង្ហើបឱ្យដឹងថា ការបន្តកិច្ចសន្យាថ្មីគឺជិតនឹងសម្រេចរួចរាល់ហើយ។

ថ្លែងទៅកាន់សារព័ត៌មានបារាំង “Foot Mercato” ខ្សែប្រយុទ្ធ Kane បាននិយាយថា៖ “ខ្ញុំគិតថា វានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ យើងបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ ហើយថ្ងៃនេះយើងក៏បានបន្តពិភាក្សាគ្នាទៀត។ ខ្ញុំដឹងថាខ្ញុំតែងតែនិយាយថា យើងជិតឈានដល់កិច្ចព្រមព្រៀងហើយ ប៉ុន្តែពេលនេះគឺពិតជាជិតសម្រេចមែនទែន។ ចំពោះចំណុចលម្អិតផ្សេងៗទៀត វាក៏គ្រាន់តែជាចំណុចលម្អិតធម្មតា ដូចទៅនឹងកិច្ចសន្យាផ្សេងៗទៀតដែរ”។

គាត់បានបន្ថែមថា៖ “ចំណុចសំខាន់ៗភាគច្រើនត្រូវបានដោះស្រាយរួចរាល់ហើយ ហើយពួកយើងពេញចិត្តនឹងចំណុចទាំងនោះ។ ប៉ុន្តែនៅក្នុងកិច្ចសន្យាណាក៏ដោយ តែងតែមានចំណុចតូចតាចជាច្រើនដែលត្រូវពិចារណា រួមទាំងព័ត៌មានលម្អិតតូចៗផ្សេងទៀត ដែលទីបំផុតត្រូវដោះស្រាយដោយក្រុមមេធាវី”។ ជាចុងក្រោយ គាត់បាននិយាយថា៖ “ដូច្នេះ សរុបមក ខ្ញុំគិតថាវានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មិនមែនរាប់សប្តាហ៍ទេ។ ការពិភាក្សានៅថ្ងៃនេះក៏ដំណើរការទៅបានយ៉ាងល្អដែរ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ”៕