យោងតាមកាសែត Bild អនាគតរបស់ Lennart Karl (អាយុ ១៨ ឆ្នាំ) នៅក្លឹប Bayern Munich ហាក់ដូចជាមិនច្បាស់លាស់នោះទេ។ ក្លឹបមួយចំនួននៅក្នុងក្របខ័ណ្ឌ Premier League បានមើលឃើញឱកាសមួយ បន្ទាប់ពីមានការលើកឡើងថ្មីៗនេះពីសំណាក់ប្រធានក្លឹប Bayern គឺលោក Uli Hoeness។

លោក Hoeness បានប្រាប់កាសែត Die Welt am Sonntag កាលពីសប្តាហ៍មុនថា៖ «ខ្ញុំគ្រោងនឹងជួបពិភាក្សាឱ្យបានច្បាស់លាស់ជាមួយគាត់។ គាត់គិតថាខ្លួនឯងជាតារាល្បីលំដាប់កំពូលទៅហើយ ប៉ុន្តែតាមពិតមិនមែនដូច្នោះទេ»។

លោកបានពន្យល់ថា៖ «កីឡាករវ័យក្មេងត្រូវតែមានភាពចេះបន្ទាបខ្លួន។ ពួកគេក៏ត្រូវការសម្ពាធខ្លះដែរ។ ខ្ញុំមិនប្រាកដទេថា តើការដែល Lennart Karl ត្រូវបានគេការពារហួសហេតុពេកនោះ ជាជម្រើសដ៏ល្អសម្រាប់គាត់ឬអត់»។

បន្ទាប់ពីការលើកឡើងរបស់លោក Hoeness បានលេចឮទៅដល់ប្រទេសអង់គ្លេស ក្លឹប Arsenal, Liverpool និង Manchester United បានទាក់ទងសាកសួរអំពីស្ថានភាពរបស់ Karl ដោយសង្ឃឹមថាអាចនឹងមានភាពប្រេះឆារវាងរូបគេ និងក្លឹប Bayern។

លោក Christian Falk អ្នកសារព័ត៌មានផ្នែកទីផ្សារដោះដូរកីឡាករនៃកាសែត Bild បានលើកឡើងថា មិនអាចបដិសេធបានទេថា Bayern អាចនឹងបើកផ្លូវសម្រាប់ការចរចា។ លោកនិយាយថា៖ «តម្លៃទីផ្សាររបស់គាត់គឺ ៦០ លានអឺរ៉ូ។ ជាការពិតណាស់ ក្លឹបណាក៏ដោយនៅក្នុងក្របខ័ណ្ឌ Premier League អាចមានលទ្ធភាពចំណាយប្រាក់ចំនួននេះបានយ៉ាងងាយស្រួល»។

រហូតមកដល់ពេលនេះ Bayern នៅមិនទាន់មានការពិភាក្សាណាមួយជាមួយ Karl អំពីកិច្ចសន្យាថ្មីនៅឡើយទេ។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៩។ ប៉ុន្តែ នេះមិនមែនមានន័យថាពួកគេចង់ «បណ្តេញ» កីឡាករវ័យក្មេងដែលមានទេពកោសល្យខ្ពស់រូបនេះចេញនោះទេ។ លោក Falk បានបញ្ជាក់ថា៖ «ពួកគេពិតជាមិនមានបំណងធ្វើបែបនោះទេ។ ពួកគេនឹងមិនលក់គាត់ក្នុងតម្លៃថោកៗនោះទេ»។

ជាមួយនឹងការបង្ហាញខ្លួនជាផ្លូវការចំនួន ៥១ ប្រកួតឱ្យ Bayern រហូតមកដល់ពេលនេះ Karl បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពានរង្វាន់ Champions League កាលពីឆ្នាំមុន។ ក្នុងវ័យ ១៧ ឆ្នាំ និង ២៤២ ថ្ងៃ គាត់បានក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់ឱ្យ Bayern នៅក្នុងក្របខ័ណ្ឌ Champions League៕