បច្ចុប្បន្ននេះ ទាំង AC Milan និង Juventus ជឿជាក់ថា ការចរចាដើម្បីនាំយកកីឡាកររូបនេះគឺអាចទៅរួច។ Bruno Fernandes បានផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងការបន្តកិច្ចសន្យារបស់គាត់ជាមួយក្លឹប Manchester United ដោយបានប្រាប់ទៅកាន់សារព័ត៌មាន Sky Sports របស់អង់គ្លេសថា៖ «ការពិភាក្សាអំពីកិច្ចសន្យារបស់ខ្ញុំត្រូវបានផ្អាក។ ពួកយើងមិនកំពុងចរចាអ្វីទេនៅពេលនេះ»។ អតីតកីឡាកររបស់ក្លឹប Novara និង Udinese រូបនេះ មានកិច្ចសន្យាដែលនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧ ដោយក្លឹបមានជម្រើសក្នុងការបន្តកិច្ចសន្យាបន្ថែមមួយរដូវកាលទៀត។
Fernandes ក៏បានបញ្ជាក់បន្ថែមថា៖ «ក្លឹបបានផ្តល់ជូនខ្ញុំនូវការបន្តកិច្ចសន្យា ប៉ុន្តែខ្ញុំបានសម្រេចចិត្តរង់ចាំសិន និងផ្អាករាល់ការពិភាក្សាទាំងនោះ។ ពេលនេះ ខ្ញុំផ្តោតអារម្មណ៍តែលើការលេងបាល់ទាត់ប៉ុណ្ណោះ»។ គាត់បានបន្ថែមទៀតថា៖ «ប្រសិនបើខ្ញុំចង់ចាកចេញ ខ្ញុំអាចធ្វើវាបានតាំងពីរដូវក្តៅមុន ឬកាលពី ២ ឆ្នាំ ឬ ៣ ឆ្នាំមុន… ពេលនោះមានការផ្តល់ជូនធំៗជាច្រើន ហើយខ្ញុំអាចចាកចេញដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើន។ ប៉ុន្តែ ខ្ញុំតែងតែជ្រើសរើសស្នាក់នៅបន្តជានិច្ច»។
ខ្សែបម្រើរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹបរបស់គាត់ថា គាត់មិនចង់បង្កបញ្ហាណាមួយជុំវិញការសម្រេចចិត្តរបស់គាត់នោះទេ ដោយនិយាយថា៖ «ប្រសិនបើក្លឹប Manchester United លែងត្រូវការខ្ញុំទៀតហើយ ខ្ញុំនឹងចាកចេញភ្លាមៗ ដោយមិនចាំបាច់រង់ចាំរហូតដល់ចប់កិច្ចសន្យានោះទេ។ ខ្ញុំនឹងមិនបង្កបញ្ហាអ្វីឡើយ»។
ក្លឹប AC Milan និង Juventus ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះ ហើយក្លឹបទាំងពីរគឺពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចង់បានរូបគេ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧ ដោយក្លឹបនៅអង់គ្លេសមួយនេះមានជម្រើសក្នុងការបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំទៀត ហើយគាត់ក៏មានលក្ខខណ្ឌតម្លៃផ្ដាច់កិច្ចសន្យា (release clause) ចំនួន ៦០ លានអឺរ៉ូផងដែរ៕
