Michael Olise តារាឆ្នើមរបស់ក្លឹប Bayern Munich បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ តាមរយៈសកម្មភាពមួយដែលអាចជះឥទ្ធិពលយ៉ាងធំធេងដល់អនាគតរបស់គាត់។

កាលពីរដូវក្ដៅមុន Olise គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះដែលត្រូវបានគេនិយាយដល់ច្រើនជាងគេបំផុតនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយមានព័ត៌មានលេចឮយ៉ាងខ្លាំងថាគាត់អាចនឹងផ្លាស់ទៅកាន់ក្លឹប Real Madrid ដើម្បីពង្រឹងតំបន់ប្រយុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ Bayern បានបដិសេធសំណើនេះ ហើយទីបំផុតក្លឹបរបស់លោក Florentino Pérez បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយកីឡាករ Yan Diomande ជំនួសវិញ។ រហូតមកដល់ពេលនេះ Diomande ធ្វើបានល្អលើសពីការរំពឹងទុក ដោយទទួលបានការកោតសរសើរទាំងពីគ្រូបង្វឹក José Mourinho និងអ្នកគាំទ្រនៅកីឡដ្ឋាន Santiago Bernabéu។

ទោះជាយ៉ាងនេះក្តី ការសង្ស័យជុំវិញរឿងរបស់ Olise នៅតែបន្តមាន ជាពិសេសដោយសារកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich មានសុពលភាពរហូតដល់ឆ្នាំ ២០២៩។ កាសែតបារាំង “L’Équipe” បានរាយការណ៍កាលពីខែកក្កដាកន្លងទៅថា Olise បានប្រាប់មិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គាត់ថា គាត់នឹងទៅលេងក្រោមការដឹកនាំរបស់លោក Mourinho។ ព័ត៌មាននេះកាន់តែធ្វើឱ្យពាក្យចចាមអារ៉ាមទាំងនោះរីករាលដាលខ្លាំងឡើង។

ដោយសារ Bayern នៅតែរក្សាជំហររឹងមាំ ហើយ Real Madrid ក៏បានចុះកិច្ចសន្យាជាមួយ Diomande រួចហើយនោះ ស្ថានការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញខ្លះ។ ប៉ុន្តែនៅថ្ងៃនេះ អនាគតរបស់កីឡាករសញ្ជាតិបារាំងរូបនេះ បានក្លាយជាប្រធានបទដែលគេចាប់អារម្មណ៍ម្តងទៀត។ យោងតាមប្រភព “Foot Mercato” បានឱ្យដឹងថា កីឡាករជម្រើសជាតិបារាំងរូបនេះបានបង្កឱ្យមានភាពចម្រូងចម្រាស ដោយបានចុច “Like” លើការបង្ហោះមួយដែលរិះគន់ថ្នាក់ដឹកនាំរបស់ក្លឹប Bayern Munich។ ការបង្ហោះនោះមកពីអ្នកកាសែត Fabrizio Romano ដែលបានដកស្រង់ការរិះគន់យ៉ាងចាស់ដៃពីសំណាក់ស្ថាប័ន FIFPRO ទៅលើថ្នាក់ដឹកនាំក្លឹប ពាក់ព័ន្ធនឹងករណីរបស់កីឡាករ Jamal Musiala៕