មានសញ្ញាកាន់តែច្បាស់ឡើងថា Rayan Aït-Nouri កីឡាករជនជាតិអាល់ហ្សេរី នឹងជួបការលំបាកក្នុងការបន្តស្នាក់នៅក្លឹប Manchester City បន្ទាប់ពីឱកាសក្នុងការចូលលេងរបស់គេបានថយចុះនៅក្នុងរដូវកាលនេះ។ ស្ថានការណ៍បានឈានដល់ដំណាក់កាលដែលគេត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមសម្រាប់ការប្រកួតទល់នឹង Fulham ទោះបីជាគេបានចូលរួមក្នុងការហ្វឹកហាត់មុនការប្រកួតនោះក៏ដោយ។ ហេតុការណ៍នេះបានធ្វើឱ្យមានការលើកឡើងជាថ្មីអំពីអនាគតរបស់គេ នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវរងាកាន់តែខិតជិតចូលមកដល់។
គ្រូបង្វឹកជនជាតិអ៊ីតាលី លោក Enzo Maresca បានសម្រេចចិត្តមិនដាក់ឈ្មោះ Aït-Nouri ចូលក្នុងក្រុមសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ជាមួយក្រុម Fulham ទោះបីជាកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ដែលលេងក្នុងតំណែងការពារស្លាបឆ្វេង បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅក្នុងវគ្គហ្វឹកហាត់ចុងក្រោយមុនការប្រកួតក៏ដោយ។ នេះគឺជាសញ្ញាថ្មីមួយទៀតដែលបង្ហាញថា តួនាទីរបស់គេមានកម្រិតយ៉ាងខ្លាំងនៅក្នុងផែនការរបស់ក្រុមគ្រូបង្វឹក។
លោក Maresca បានដាក់ Nico O’Reilly ឱ្យលេងជាជម្រើសដំបូងក្នុងតំណែងការពារស្លាបឆ្វេង រួចបានបញ្ជូនកីឡាករជនជាតិក្រូអាត Joško Gvardiol ចូលលេងជំនួសនៅវគ្គទីពីរ។
យោងតាម ”Calciomercato” បានឱ្យដឹងថា Aït-Nouri ទទួលបានការគាំទ្រនៅក្នុងក្លឹប Juventus ដោយសារបទពិសោធន៍របស់គាត់នៅក្នុងការប្រកួតធំៗនៅអឺរ៉ុប ព្រមទាំងសមត្ថភាពក្នុងការកសាងការវាយលុក និងបង្កើតឱកាសស៊ុតបញ្ចូលទី។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចកិច្ចព្រមព្រៀងនេះនឹងមិនមែនជារឿងងាយស្រួលនោះទេ។ ក្លឹប Manchester City ចង់បានប្រាក់តម្លៃខ្លួន ហើយទទូចចង់លក់ដាច់តែម្តង ជាជាងការអនុញ្ញាតឱ្យខ្ចីជើង៕
