ក្លឹប Barcelona នៅតែបន្តព្យាយាមនាំយកខ្សែការពារកណ្តាលម្នាក់មកចូលរួមក្រុមនៅក្នុងខែមករានេះ ខណៈដែលពួកគេចង់រក្សាលទ្ធភាពក្នុងការប្រជែងដណ្តើមគ្រប់ពានរង្វាន់ទាំងអស់។ ផ្នែកកីឡាដែលដឹកនាំដោយ Deco កំពុងពិចារណាលើជម្រើសជាច្រើន។ ឈ្មោះមួយដែលក្លឹបកំពុងចាប់អារម្មណ៍គឺ Piero Hincapié ដែលជាខ្សែការពារសញ្ជាតិអេក្វាឌ័រវ័យ ២៤ ឆ្នាំ កំពុងលេងឱ្យក្លឹប Arsenal ប៉ុន្តែរូបគេមិនទទួលបានឱកាសបង្ហាញខ្លួនច្រើនដូចការរំពឹងទុកនោះទេនៅក្នុងរដូវកាលនេះ។
យោងតាមលោក David Ornstein មកពីសារព័ត៌មាន “The Athletic” បានឱ្យដឹងថា Hincapié បានចុះកិច្ចសន្យាថ្មីដែលមានលក្ខខណ្ឌប្រសើរជាងមុនជាមួយ Arsenal ដែលនឹងពន្យារពេលស្នាក់នៅរបស់គេនៅកីឡដ្ឋាន Emirates Stadium បន្ថែម ១២ ខែទៀត ពោលគឺរហូតដល់ឆ្នាំ ២០៣២។ កិច្ចសន្យាចាស់របស់គេគឺមានសុពលភាពរហូតដល់ឆ្នាំ ២០៣១។
កីឡាករអន្តរជាតិអេក្វាឌ័រវ័យ ២៤ ឆ្នាំរូបនេះ បានចូលរួមជាមួយ Arsenal ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Bayer Leverkusen កាលពីខែកញ្ញា ឆ្នាំ ២០២៥ មុននឹងក្លាយជាកីឡាករពេញសិទ្ធិនៅរដូវក្តៅឆ្នាំមុន។ ទម្រង់លេងរបស់គេបានជួយឱ្យក្រុមរបស់លោក Mikel Arteta ឈ្នះពានរង្វាន់ Premier League និងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ Hincapié បានបង្ហាញខ្លួនសរុបចំនួន ៣៩ ប្រកួតនៅក្នុងគ្រប់កម្មវិធីប្រកួតទាំងអស់។ នៅក្នុងរដូវកាលនេះ គាត់បានចូលលេងចំនួន ៩ ប្រកួត ដែលក្នុងនោះ ៥ ប្រកួតគឺនៅក្នុងក្របខ័ណ្ឌ Premier League៕
