ខ្សែប្រយុទ្ធរបស់ក្លឹប Al-Ittihad គឺកីឡាករ Youssef En-Nesyri បានក្លាយជាគោលដៅរបស់ក្លឹបមួយនៅប្រទេសរុស្ស៊ី ដែលកំពុងសម្លឹងមើលឱកាសនាំយកគាត់ទៅចូលរួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខនេះ។

អ្នកកាសែតជនជាតិទួរគី លោក Ekrem Konur បានបង្ហោះព័ត៌មាននេះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ក្នុងបណ្តាញសង្គម “X” ដោយអះអាងថា ក្លឹប CSKA Moscow បានដាក់កីឡាករជនជាតិម៉ារ៉ុកម្នាក់នេះ ជាអាទិភាពកំពូលនៅក្នុងបញ្ជីគោលដៅរបស់ពួកគេសម្រាប់ខែមករា។ បើតាមលោក Konur ក្រុមពីប្រទេសរុស្ស៊ីមួយនេះ ត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើទឹកប្រាក់ចំនួន ១៥ លានដុល្លារ ដើម្បីនាំយកកីឡាកររូបនេះចេញពីក្លឹបជើងឯកនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះជាយ៉ាងណាក៏ដោយ ក្លឹប Al-Ittihad មិនទាន់បង្ហាញជំហរច្បាស់លាស់នៅឡើយទេ។ គេមិនទាន់ដឹងច្បាស់ទេថា តើពួកគេនឹងបដិសេធសំណើនេះដាច់អហង្ការ ឬនឹងបើកផ្លូវសម្រាប់ការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងនោះទេ។ ភ្នាក់ងាររបស់គាត់ គឺលោក Fahd Sareh បាននិយាយអំពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះរួចហើយ។ លោក Sareh បានបញ្ជាក់ថា En-Nesyri ពិតជាទទួលបានសំណើដើម្បីចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងាពិតមែន ប៉ុន្តែរូបគេចង់ផ្តោតអារម្មណ៍លើក្លឹបនៅអារ៉ាប៊ីសាអូឌីតនេះបន្តទៀត៕