បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ ទល់នឹងក្រុម Como កាលពីថ្ងៃពុធ គ្រូបង្វឹកក្រុម Manchester United លោក Michael Carrick បានសន្យាថានឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លាវិញនៅក្នុងការប្រកួតជាមួយក្រុម Bournemouth។ លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទមុនការប្រកួតថា៖ «យើងនឹងក្លាយជាក្រុមមួយផ្សេងទៀតនៅថ្ងៃអាទិត្យ។ យើងចាំបាច់ត្រូវតែជាក្រុមមួយផ្សេងទៀតនៅថ្ងៃអាទិត្យ»។
ប៉ុន្តែពួកគេមិនបានផ្លាស់ប្តូរអ្វីឡើយ។ ផ្ទុយទៅវិញ United នៅតែជាក្រុមដែលមានទម្រង់លេងដ៏យ៉ាប់យឺន និងគួរឱ្យអាម៉ាស់ដូចគ្នានឹងការប្រកួតនៅកីឡដ្ឋាន Sinigaglia ដែរដោយរងការបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមថ្វីជើងក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។ ចាប់តាំងពីលោក Sir Alex Ferguson បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ មក ក្លឹបនេះបានជួបវិបត្តិជាបន្តបន្ទាប់ ដោយភាពអាប់អួរនៅជុំវិញក្រុម «បិសាចក្រហម» ត្រូវបានបំបាត់ចោលតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមរយៈក្តីសង្ឃឹមក្លែងក្លាយមួយចំនួន។
កន្លងមក តែងតែមានការប្រឆាំងពីសំណាក់អ្នកគាំទ្រទៅលើគ្រួសារ Glazer ប៉ុន្តែវាមិនដែលខ្លាំងក្លាគ្រប់គ្រាន់ដើម្បីបណ្តេញម្ចាស់ក្លឹបជនជាតិអាមេរិកទាំងនេះចេញពីក្លឹបបានឡើយ។ ជាការពិតណាស់ កម្រិតនៃការរិះគន់យ៉ាងចាស់ដៃទៅលើម្ចាស់ក្លឹប និងក្រុមប្រឹក្សាភិបាល បានកើនឡើងយ៉ាងខ្លាំង។ ក្រៅពីការទាមទារជាប្រចាំឱ្យគ្រួសារ Glazer «លក់ United ចោល ហើយត្រឡប់ទៅផ្ទះវិញទៅ» នោះ នៅថ្ងៃអាទិត្យកន្លងទៅនេះ លោក Wilcox ក៏ត្រូវបានអ្នកគាំទ្រស្តីបន្ទោសចំៗឈ្មោះផងដែរ ខណៈដែលលោក Ratcliffe ត្រូវបានគេប្រាប់ឱ្យយកគម្រោងសាងសង់កីឡដ្ឋានថ្មីរបស់គាត់នោះ ទៅទុកក្នុង «គូទ» របស់គាត់ទៅ។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកគាំទ្រ “The 1958” បានលើកឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយថា ក្លឹបដែលពួកគេស្រឡាញ់កំពុងតែស្លាប់បន្តិចម្តងៗ ហើយផ្លូវតែមួយគត់ដើម្បីសង្គ្រោះក្លឹបនេះ គឺត្រូវបណ្តេញគ្រួសារ Glazer និងក្រុមហ៊ុន INEOS ចេញ៕
